Podcasts · នាទីសុខភាពនិងអនាម័យ

តើក្មេងជំទង់ងាយមានវិបត្តិផ្លូវចិត្ត អ្វីខ្លះ ?

· 8:24

Episode តើក្មេងជំទង់ងាយមានវិបត្តិផ្លូវចិត្ត អ្វីខ្លះ ?

0:00 8:24

គេថាក្មេងជំទង់ ជាវ័យដ៏ល្អនិងរីករាយបំផុត នៃជីវិត។ ប៉ុន្តែអន្តរកាលនេះ អាចមានវិបត្តិច្រើន និងយូរ ទម្រាំឆ្លងផុត សម្រាប់ក្មេងជំទង់ខ្លះ។ បើតាមអង្គការសុខភាពពិភពលោក ក្នុងចំណោមក្មេងជំទង់អាយុពី ១០ទៅ១៩ឆ្នាំ ៧នាក់ មានម្នាក់រងវិបត្តិផ្លូវចិត្ត ដូចជាមានជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ ឬជំងឺញៀន (ញៀនថ្នាំ ញៀនល្បែងស៊ីសង-ហ្កេម ញៀនស្រា)។ ជាបឋមវ័យដ៏ស្រស់ផូរផង់ ហេតុអ្វីក្មេងក្នុងវ័យនេះងាយនិងឆាប់ធ្លាក់ក្នុងគ្រោះញៀន មានវិបត្តិផ្លូវចិត្ត ?

វ័យជំទង់ជាដំណាក់ពិសេសនិងជាវ័យកំណត់អនាគត។ ការប្តូរផ្លាស់រូបរាងកាយ អារម្មណ៍ សង្គម បរិយាកាសជុំវិញខ្លួន កត្តាសម្ភារៈភាពក្រីក្រ អំពើហិង្សា រងការព្យាបាទ សុទ្ធតែអាចធ្វើឲ្យក្មេងស្រី ក្មេងប្រុសក្នុងវ័យជំទង់ជួបវិបត្តិផ្លូវចិត្តបាន។ នៅលើពិភពលោកបច្ចុប្បន្ន ក្នុងចំណោមមនុស្ស៦នាក់ ម្នាក់មានអាយុ ពី១០ទៅ១៩ឆ្នាំ។ ហើយក្មេងក្នុងវ័យនេះ ម្នាក់ក្នុងចំណោម៧នាក់ (១៤%នៃប្រជាពលរដ្ឋនៅលើផែនដី) មានបញ្ហាផ្លូវចិត្ត និង មិនបានទទួលការយកចិត្តទុកដាក់ព្យាបាលទេ។

វិបត្តិផ្លូវចិត្តចម្បងៗដែលអាចលេចឡើងនៅក្នុងវ័យជំទង់ និង ទើបពេញវ័យភ្លាម ច្រើនតែជា ជំងឺថប់ព្រួយបារម្ភ ជំងឺបាក់ទឹកចិត្ត វិបត្តិចំណីអាហារ និងញៀន។

វិបត្តិផ្លូវចិត្ត

តាមការពិត វ័យជំទង់ ដែលល្បីថាដំណាក់កាលដ៏រីករាយបំផុតនៃជីវិត ជាដំណើរឆ្លងអន្តរកាលទៅរកភាពពេញវ័យ ក្លាយជាមនុស្សធំ នាពេលអនាគត ដែលរំលេចទៅដោយវិបត្តិ និង ដែល អ្នកម្តាយលោកឪពុកខ្លះ ហៅថាជាដំណាក់កាលកូនអកត្តញូ។ ក្នុងរយៈពេលនេះ ក្មេងមានការប្តូរផ្លាស់រាងកាយផង ត្រូវចាប់ផ្តើមប្រកាន់ទម្លាប់សម្របខ្លួនទៅនឹងសង្គមផង សម្របអារម្មណ៍ខ្លាំងដើម្បីផាសុកភាពផ្លូវចិត្តផង។ មានកត្តាជាច្រើនអាចជះឥទ្ធិពលលើសុខភាពផ្លូវចិត្ត ដូចជា ភាពលំបាកលំបិន សម្ពាធចង់ដូចគេឯង សម្ពាធស្វែងរកអត្តសញ្ញាណ។ ឥទ្ធិពលនៃការផ្សព្វផ្សាយព័ត៌មាន និង ស្តង់ដារមនុស្ស អាចធ្វើឲ្យមានគម្លាតខ្លាំងរវាងការពិតជាក់ស្តែង ដែលយុវវ័យកំពុងឆ្លងកាត់ និងគំនិត ឬក្តីស្រមៃសម្រាប់អនាគតពីមុន។ គុណភាពជីវិតក្នុងគ្រួសារ ទំនាក់ទំនងជាមួយក្មេងវ័យស្របាលគ្នា ក៏ជាកត្តាកំណត់សុខភាពផ្លូវចិត្តមួយដែររបស់ក្មេងជំទង់ ។ អំពើហិង្សា (ជាពិសេសអំពើហិង្សាផ្លូវភេទ និងការបំពារបំពាន) ការអប់រំបែបតឹងតែងផ្តាច់ការ និងការលំបាកផ្នែកថវិកាសេដ្ឋកិច្ច សុទ្ធតែជាផ្នែកមួយ ដែលអាចបង្កើនគ្រោះហានិភ័យនាំឲ្យក្មេងជំទង់ ងាយមានជំងឺផ្លូវចិត្ត។

ក្មេងជំទង់ស្រីប្រុសខ្លះ ធ្លាក់ខ្លួនមានគ្រោះកើតជំងឺផ្លូវចិត្ត ដោយហេតុតែលក្ខខណ្ឌជីវិត ការរើសអើង ប្រកាន់វណ្ណៈក្នុងសង្គម ឬកង្វះលទ្ធភាពទទួលបានការថែទាំ ប្រកបដោយគុណភាព មានជាអាទិ៍ក្រុមក្មេងក្រីក្រខ្លាំង រស់ក្នុងវិបត្តិមនុស្សធម៌ មានជំងឺប្រចាំកាយ មានពិការភាពផ្នែកបញ្ញាញាណ ប្រព័ន្ធប្រសាទ ឬ ជាក្មេងកំព្រា ក្មេងប្រសូតចេញពីគ្រួសារជនជាតិភាគតិច គ្រួសារធា្លប់រងគ្រោះផ្លូវភេទ ។ល។

ខុសពីការគិត ដែលយល់ថា នៅក្មេងមិនដឹងខ្យល់ មិនចេះខ្វល់ អារម្មណ៍ថប់បារម្ភ ឆាប់ភ័យស្លន់ស្លោ ឬគិតភ័យជ្រុលហួសហេតុ ជាអាការៈដែលកើតមានជាញឹកញាប់ខ្លាំងជាងគេ លើក្មេងក្នុងវ័យជំទង់ និង កាន់តែច្រើនទៀត ចំពោះក្មេងទើបពេញវ័យ។ ក្មេងអាយុពី១៥ ទៅ ១៩ឆ្នាំ ចំនួនដល់ទៅ៥,៣% មានវិបត្តិថប់បារម្ភ និង៣,៤%មានជំងឺធ្លាក់ទឹកចិត្ត។ នេះបើគេជឿតាមតួលេខរបស់អង្គការសុខភាពពិភពលោក។ រោគសញ្ញានៃជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ មានលក្ខណៈរួម គឺក្មេងមានការប្តូរផ្លាស់អារម្មណ៍យ៉ាងលឿនរហ័ស។ វិបត្តិនេះអាចជះផលវិបាកធ្ងន់ធ្ងរ ទៅលើការសិក្សា មិនចង់ចូលរៀន ឬរៀនមិនទាន់ ហើយមូរមុខ ចង់ផ្តាច់ខ្លួនឲ្យនៅម្នាក់ឯង ឯកា និងឈានដល់ការបាក់ទឹកចិត្តខ្លាំងរហូតចង់ធ្វើអត្តឃាតបាន។

វិបត្តិចំណីអាហារ

ក្រៅអំពីវិបត្តិផ្លូវចិត្ត ក្មេងជំទង់អាចមានវិបត្តិចំណីអាហារ ដោយអាចជាការបង្អត់អាហារខ្លួនឯង ឬបរិភោគច្រើននិងញយជ្រុល ក្នុងក្តីបារម្ភខ្វល់វិលជុំវិញតែទម្ងន់និងរូបរាងកាយ។ ការបង្អត់អាហារឲ្យស្គម ដូចការផ្សព្វផ្សាយតាមបណ្តាញសង្គម ឬឲ្យដូចយុវវ័យទំនើបទាន់សម័យ ភាគច្រើនមានពាក់ព័ន្ធនឹងក្មេងស្រី ក្នុងបីលើបួនករណី។ វិបត្តិចំណីអាហារ របស់ក្មេងជំទង់ ឬក្មេងទើបពេញវ័យ អាចបង្កគ្រោះថ្នាក់ដល់សុខភាពរាងកាយ និងតែងជាប់អមជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ និងវិបត្តិប្រើសារធាតុញៀន។ បើនិយាយដោយឡែកតែវិបត្តិបង្អត់អាហារឲ្យស្គម វាអាចធ្ចើឱ្យក្មេងស្លាប់មុនអាយុបាន។ ផលវិបាកនៃការបង្អត់អាហារដោយខ្លាចធាត់ មានលក្ខណៈធ្ងន់ធ្ងរណាស់ និងអាចនាំដល់ការធ្វើអត្តឃាតផង។ អត្រាមរណៈដោយហេតុផលនេះ មានកំរិតខ្ពស់ជាងអត្រាស្លាប់ដោយវិបត្តិផ្លូវចិត្តផ្សេងៗទៀត។

វិបត្តិញៀន

ជាវ័យឈាមរាវ ក្មេងជំទង់អាចបញ្ចេញចរិតរឹងរូស ទង្វើបែបហួសហេតុខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬធ្វើអ្វីតាមទំនើងដោយចង់ផ្គើនចិត្តឪពុកម្តាយ ល្មើសវិន័យ និងល្មើសច្បាប់ទៀតផង។ អត្តចរិកបែបនេះ ខ្លះជាសញ្ញាបញ្ជាក់អំពីកង្វះខាតផ្នែកសម្របសម្រួលខ្លួនក្នុងការសិក្សា ឬជាការលំបាកក្នុងការសម្របខ្លួនចូលក្នុងសង្គម ជួនជាយុទ្ធសាស្ត្រប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត។ ក្មេងក្នុងស្ថានភាពបែបនេះ…

The episode on the publisher’s site (opens in a new tab)

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.