# តើការចិញ្ចឹមសត្វជាមិត្ត មានអត្ថប្រយោជន៍យ៉ាងណាចំពោះសុខភាព?

An episode of [នាទីសុខភាពនិងអនាម័យ](https://invisiblenetwork.ai/podcast/1494890612), 9 Apr 2026, 8:49.

Audio: https://audio.audiomeans.fr/pfx/b035a7c4-de15-11ef-9e7b-cfc4fb0c91f4/aod-rfi.akamaized.net/rfi/cambodgien/audio/modules/actu/202604/580-BIENFAITS_DES_ANIMAUX_DE_COMPAGNIE.mp3?guid=06fa2374-3355-11f1-81d3-1db25acb457e&source=PcNCvtcnHj

ចិញ្ចឹមឆ្កែ ឆ្មា ធ្វើជាមិត្ត រស់នៅក្នុងផ្ទះជាមួយ ឬមានកូនអាងចិញ្ចឹមត្រី អាចប្តូរផ្លាស់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងបាន។ តើសត្វអាចមានទំនាក់ទំនងយ៉ាងណាជាមួយមនុស្ស? តើការសត្វចិញ្ចឹមជាមិត្តផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព? ការចិញ្ចឹមសត្វយកមកធ្វើជាមិត្ត រស់នៅក្នុងផ្ទះជាមួយម្ចាស់ មិនសូវពេញនិយមទេនៅក្នុងសង្គមខ្មែរ។ ខ្លះរើសអើងព្រោះជាសត្វ ខ្លះខ្លាចភាពកខ្វក់ ខ្លះខ្លាចកើតហឺត ... ប៉ុន្តែការចិញ្ចឹមសត្វធ្វើជាមិត្តក្នុងផ្ទះអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ៖ សុខភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គម។ នៅប្រទេសខ្លះ វេជ្ជសាស្ត្របានបញ្ចូលសត្វចិញ្ចឹម ទៅក្នុងផ្នែកមួយនៃជួយព្យាបាលនិងថែទាំអ្នកជំងឺផង។ គុណប្រយោជន៍ការចិញ្ចឹមសត្វជាមិត្តចំពោះសុខភាព ត្រូវបានអនុម័តដោយវិទ្យាសាស្ត្រទៀត។ ការសិក្សាជាច្រើនបានបញ្ជាក់អំពីឥទ្ធិពលវិជ្ជមាននៃសត្វចិញ្ចឹមជាមិត្ត។ ប៉ុន្តែការចិញ្ចឹមសត្វមិនផ្តល់គុណប្រយោជន៍ចំពោះសុខភាព ជាលក្ខណៈស្វ័យប្រវត្តិប្រវត្តិទេ។ វាអាស្រ័យជាពិសេសទៅលើទំនាក់ទំនងជាមួយសត្វចិញ្ចឹមផង និងទៅលើការគោរព សុខុមាលភាពរបស់សត្វនោះផង។ នេះបើតាមការពន្យល់បំភ្លឺរបស់លោក Jean-Marc Poupard បណ្ឌិតផ្នែកនរវិទ្យា និងជានាយកផ្នែកទំនាក់ទំនងមនុស្សសត្វ នៅសកលវិទ្យាល័យ Paris Cité។ សត្វចិញ្ចឹមនិងឥទ្ធិពលចំពោះសុខភាពផ្លូវកាយ សត្វចិញ្ចឹម មិនគ្រាន់តែជាមិត្តដើម្បីរស់កំដគ្នាទេ តែថែមទាំងអាចដើរតួនាទីសំខាន់ក្នុងលំនឹងជីវិតរបស់ម្ចាស់ទៀតផង។ ទោះជាម្ចាស់រស់នៅតែឯង ឬជាគ្រួសារមានគ្នាច្រើន គ្នាតិច ជាក្មេងឬជាចាស់ក៏ដោយ ក៏វត្តមាននៃសត្វចិញ្ចឹមក្នុងផ្ទះអាចជះឥទ្ធិពលល្អច្រើនចំពោះ សុខភាពដែរ។ ចំពោះក្មេង ក៏ដូចជាមនុស្សធំ មានសត្វក្នុងផ្ទះ ជាពិសេសសត្វឆ្កែ ជាកត្តាបង្កើនសកម្មភាពផ្លូវកាយ និងកាត់បន្ថយភាពស្ពឹកស្រពន់។ នាំឆ្កែទៅជុះ ប្រលែងលេងជាមួយឆ្មា ដាក់ចំណីឱ្យត្រី សម្អាតលាងទ្រុងសត្វ ... បានបន្ថែមការងារ ភាពសកម្មតិចតួចជារៀងរាល់ថ្ងៃ ដល់ម្ចាស់។ សកម្មភាពតិចតួច ល្មមៗ តែថេរជារៀងរាល់ថ្ងៃ ជាប្រការល្អសម្រាប់សុខភាព បេះដូង សរសៃឈាមបេះដូង។ មនុស្សចាស់មានសត្វចិញ្ចឹមជាមិត្ត មានគ្រោះហានិភ័យកើតជំងឺលើសឈាមទាប និងមិនសូវមានផលវិបាកបង្កឡើងដោយជំងឺគ្រោះថ្នាក់សរសៃឈាមបេះដូងទេ។ ការសិក្សាជាច្រើនបានបង្ហាញថា រស់ជាមួយសត្វ អាចជួយបញ្ចុះសម្ពាធឈាមនិងចង្វាក់បេះដូង ព្រោះការអង្អែល ការចំណាយពេលមើលថែនៅជាមួយសត្វអាចជួយលួងលោមខ្លួនយើងឱ្យបានស្ងប់ ធូរល្ហែល្ហើយ ដែលអាចជួយការពារបេះដូង និងសរសៃឈាមបេះដូង នាថ្ងៃអនាគត បន្ថែមពីលើការព្យាបាលដោយប្រើថ្នាំ។ លូតលាស់ធំដឹងក្តីជាមួយសត្វចិញ្ចឹមក្នុងផ្ទះ ប្រៀបដូចជាបានបង្ហាត់សរីរាង្គខ្លួនប្រាណឱ្យជួបនឹងមីក្រុបស្លូតៗផ្សេងៗ ដែលនឹងទៅជួយប្រព័ន្ធការពារខ្លួន ជាពិសេសប្រព័ន្ធការពារខ្លួនរបស់ក្មេងតូចៗឱ្យចេះទប់ទល់នឹងការបៀតបៀនមកពីក្រៅ។ មានន័យថាក្មេងកើតនិងរស់ជាមួយសត្វចិញ្ចឹម មានហានិភ័យកើតជំងឺហឺត ជំងឺអាល្លែហ្ស៊ីទាប។ ប៉ុន្តែសូមប្រយ័ត្ន ! ត្រូវចិញ្ចឹមសត្វដោយការគោរព ដោយផ្ចិតផ្ចង់ ប្រកបដោយអនាម័យ ទើបអាចទាញយកគុណប្រយោជន៍នេះបាន។ ចំណុចសំខាន់មួយទៀតនៃការចិញ្ចឹមសត្វជាមិត្តរស់ក្នុងផ្ទះ ដែលមិនអាចកាត់ថ្លៃបាននោះ គឺការកាត់ស្ត្រេស និងកង្វល់។ លេងជាមួយឆ្កែ អង្អែលសត្វឆ្មា មើលកូនទន្សាយដេក មើលត្រីក្រិមរត់ប្រដេញគ្នាទឹក កាយវិការសាមញ្ញៗជាមួយសត្វចិញ្ចឹមទាំងអស់នេះបានជួយបញ្ចុះអត្រាជាតិCortisone ដែលគេហៅថាអរមូនស្ត្រេស ពីក្នុងខ្លួនយើងបាន។ ការសិក្សាបានបង្ហាញថា គ្រាន់តែសំឡឹងមើលឆ្កែឱ្យចំ ក៏អាចធ្វើឱ្យខ្លួនយើងបញ្ចេញជាតិអូស៊ីតូស៊ីន ដែលជាអរមូនសម្រួល ឱ្យមានអារម្មណ៍កក់ក្តៅ ទុកចិត្ត យោគយល់ ចង់រាប់អាន និងសម្រួលយន្តការសុខុមាលភាពជាទូទៅ។ ការសិក្សារបស់អ្នកស្រាវជ្រាវស្វ៊ីស និងជប៉ុន បានបង្ហាញថាក្នុងរយៈពេលបិទខ្ទប់ប្រទេសដោយហេតុមានរោគរាតត្បាតកូវីដ-១៩ ក្មេងមានសត្វចិញ្ចឹមនៅជាមួយអាចគេងលក់ស្រួល និងមានគុណភាពដំណេកល្អជាងក្មេងគ្មានសត្វជាមិត្ត។ ក្នុងពេលធម្មតា ជាពិសេសនៅពេលល្ងាច វត្តមានសត្វអាចជួយមនុស្សខ្លះឱ្យមានអារម្មណ៍នឹងនល្អ មិនសូវខ្លាច ទើបពួកគាត់អាចសម្រាន្តលក់ស្រួល។ សត្វចិញ្ចឹមនិងទំនាក់ទំនងសង្គម សត្វមិនចេះថាឱ្យ មិនចេះវាយតម្លៃម្ចាស់ទេ។ សត្វស្រលាញ់ម្ចាស់ដោយគ្មានលក្ខខណ្ឌ ដោយគ្មានគិតអាយុ គិតពីអារម្មណ៍ និងការលំបាករបស់ម្ចាស់ឡើយ។ ជាការស្រលាញ់ដោយស្មោះត្រង់ ទើបធ្វើឱ្យម្ចាស់មានអារម្មណ៍ថាមានអ្នករង់ចាំ មានអ្នកត្រូវការ មិនមែនរស់គ្មានតម្លៃទេ។ មានសត្វចិញ្ចឹមក្នុងផ្ទះ ប្រៀបដូចមានគ្នា ពោលគឺជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងភាពឯកា។ ចិញ្ចឹមឆ្កែ ឆ្មា ទន្សាយ សត្វស្លាប ឬក៏ត្រីក្រិម នៅក្នុងផ្ទះ អាចប្តូរផ្លាស់ទម្លាប់ ដោយជួយរក្សាបញ្ញាស្មារតីឱ្យនៅរហ័សរហួន។ ចិញ្ចឹមសត្វត្រូវមើលថែ ត្រូវចេះរៀបចំពេលវេលាមួយចំនួនដូចជា ត្រូវគិតគូរឱ្យចំណី នាំចេញដើរក្រៅ នាំទៅជុះ ថែសម្អាតមុជទឹកឱ្យ នាំទៅពេទ្យ... ការងារនេះតម្រូវឱ្យម្ចាស់ប្រុងប្រយ័ត្នស្មារតី ប្រឹងចាំ ប្រឹងប្រើខួរក្បាល ដែលជាការល្អខ្លាំងណាស់សម្រាប់មនុស្សចាស់ចូលដល់វ័យជរា។ ក្រៅអំពីបំប៉នខួរក្បាល…

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
