# ការសិក្សាជប៉ុន៖ ចាស់ទៅធ្វើម្ហូបខ្លួនឯង ជួយកាត់បន្ថយគ្រោះកើតជំងឺវង្វេង

An episode of [នាទីសុខភាពនិងអនាម័យ](https://invisiblenetwork.ai/podcast/1494890612), 1 Apr 2026, 9:11.

Audio: https://audio.audiomeans.fr/pfx/b035a7c4-de15-11ef-9e7b-cfc4fb0c91f4/aod-rfi.akamaized.net/rfi/cambodgien/audio/modules/actu/202603/579-CUISINER_ET_ALZHEIMER_01042026.mp3?guid=e82020e2-2d01-11f1-9239-71647a093ead&source=PcNCvtcnHj

អ្នកស្រាវជ្រាវជប៉ុនបានសិក្សាឃើញថា មនុស្សចាស់ចូលចង្ក្រានធ្វើម្ហូបបរិភោគដោយខ្លួនឯង មានហានិភ័យកើតជំងឺវង្វេងទាប។ អ្នកដែលមិនធ្លាប់ធ្វើម្ហូបអាហារពីក្មេង ហើយងាកមកផ្តើមធ្វើម្ហូបនៅវ័យចំណាស់ កាន់តែទទួលបានផលល្អ ដោយអាចកាត់បន្ថយគ្រោះភ្លេចវង្វេងបានច្រើនខ្លាំងណាស់ ដល់ទៅ៦៧%ឯណោះ។ តើអ្នកស្រាវជ្រាវ អាចពន្យល់អំពីទំនាក់ទំនងនៃការធ្វើម្ហូបនិងការកាត់បន្ថយគ្រោះកើតជំងឺវង្វេងវង្វាន់យ៉ាងដូចម្តេច? ដោយសារតែភាពចាស់ជរានៃប្រជាជននៅលើពិភពលោក និងដោយហេតុតែគ្មានថ្នាំព្យាបាលឱ្យជា ជំងឺវង្វេងវង្វាន់អាល់ហ្សៃមែរ បានក្លាយជាបន្ទុកកាន់តែធ្ងន់ឡើងៗសម្រាប់សង្គម និងមនុស្សជាតិ។ ប៉ុន្តែអ្នកជំនាញដឹងថា ជិតពាក់កណ្តាលនៃករណីអាល់ហ្សៃមែរនៅពិភពលោកអាចបញ្ចៀស និងការពារ ឬយ៉ាងហោចណាស់ក៏អាចបង្អូសពន្យារពេលកុំឱ្យឆាប់កើតជំងឺវង្វេងបានដែរ តាមរយៈវិធីបង្ការជាច្រើនយ៉ាង។ ដូច្នេះយើងត្រូវដឹងនិងចេះជ្រើសរើសវិធីបង្ការទើបប្រឹងទៅបានផល។ ការការពារ បង្ការជំងឺវង្វេងអាល់ហ្សៃមែរ បានក្លាយជាប្រធានបទនៃរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់មូលនិធិយកឈ្នះជំងឺវង្វេងវង្វាន់នៅប្រទេសបារាំង។ ចុះបើមានវិធីមិនបាច់ប្រឹង សាមញ្ញ ចំណេញក្រពះ ហើយអាចជួយបង្ការនិងកាត់គ្រោះកើតជំងឺវង្វេងវង្វាន់ដ៏គួរខ្លាចនោះបាន តើអ្នកស្ម័គ្រធ្វើតាមទេ? អ្នកស្រាវជ្រាវជប៉ុនបានចង្អុលបង្ហាញគន្លងមួយដែលងាយ និងអាចមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺវង្វេងវង្វាន់ នោះគឺ ការធ្វើម្ហូបបរិភោគដោយខ្លួនឯង។ គុណប្រយោជន៍នៃការធ្វើម្ហូបចំពោះសុខភាព ធ្លាប់ត្រូវបានអ្នកស្រាវជ្រាវលាតត្រដាងច្រើន មកហើយ។ ការសិក្សាខ្លះ បានចាត់ទុកការធ្វើម្ហូបជាយុទ្ធសាស្ត្រដ៏អស្ចារ្យសម្រាប់មានសុខភាពល្អ។ បរិភោគម្ហូបធ្វើខ្លួនឯងនៅផ្ទះ នឹងនាំឱ្យមានសុខភាពល្អ មិនងាយកើតជំងឺទឹកនោមផ្អែម ជំងឺធាត់ជ្រុល ឬជំងឺសរសៃឈាមបេះដូង និងផ្តល់ផលល្អដល់ខួរក្បាល។ នៅឆ្នាំ២០២២ ការសិក្សាអូស្រ្តាលីក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធប្រឆាំងនឹងជំងឺធាត់ជ្រុលចុកខ្លាញ់ បានអះអាងថាការធ្វើម្ហូបដោយខ្លួនឯង អាចជួយស្តារសុខភាពផ្លូវចិត្តឱ្យបានប្រសើរឡើង។ ឥទ្ធិពលនៃសកម្មភាពធ្វើម្ហូបចំពោះផាសុកភាពផ្លូវកាយនិងផ្លូវចិត្ត នឹងស្តែងឡើងនៅ៧សប្តាហ៍ បន្ទាប់ពីបានចូលចង្ក្រានធ្វើម្ហូបដោយទៀងទាត់។ តែពេលនេះ អ្នកវិទ្យាសាស្ត្រជប៉ុនសិក្សាឃើញទៀតថា មនុស្សចាស់ធ្វើម្ហូបពិសាដោយខ្លួនឯង តែម្តងក្នុងមួយសប្តាហ៍ គ្រប់គ្រាន់នឹងកាត់បន្ថយគ្រោះកើតជំងឺអាល់ហ្សៃមែរ បានមួយភាគបួន។ ការសិក្សាជប៉ុននេះមានចុះផ្សាយនៅទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រសុខភាព Journal of Epidemiology and Community Health ថ្ងៃទី ២៤មីនាឆ្នាំ២០២៦។ ដើម្បីអាចចេញសេចក្តីសន្និដ្ឋាន អ្នកស្រាវជ្រាវជប៉ុន បានសិក្សាតាមដានក្រុមមនុស្សចាស់ជប៉ុន អាយុទាបបំផុត ៦៥ឆ្នាំ រយៈពេល៦ឆ្នាំជាប់គ្នា (២០១៦-២០២២)។ ជាលទ្ធផល មនុស្សចាស់ណាបានចូលចង្ក្រានធ្វើម្ហូប យ៉ាងហោចម្តងក្នុងមួយសប្តាហ៍ មានហានិភ័យធ្លាក់ខ្លួនឈឺរោគវង្វេងថយអស់ប្រមាណពី២៣%សម្រាប់មនុស្សប្រុស និង២៧%សម្រាប់មនុស្សស្រី បើប្រៀបទៅនឹងចាស់ដែលមិនចូលធ្វើម្ហូបសោះ ឬគ្មានទម្លាប់ធ្វើម្ហូបខ្លួនឯង។ គួរឱ្យកត់សម្គាល់ខ្លាំងនិងជាពិសេស ជាងនេះទៅទៀត គ្រោះកើតជំងឺអាល់ហ្សៃមែរ បានធ្លាក់ទាបខ្លាំង (ថយ-៦៧%) ចំពោះមនុស្សចាស់ណាដែលមិនធ្លាប់ធ្វើម្ហូបពីមុន ឬមិនប្រសប់ធ្វើម្ហូបកាលពីនៅក្មេង។ និយាយបែបផ្សេង មិនចេះធ្វើម្ហូបពីក្មេងតែចាស់ឡើងចូលចង្ក្រាន ស្លពិសាខ្លួនឯង អាចកាត់បន្ថយគ្រោះហានិភ័យមានជំងឺវង្វេងបានដល់ទៅ៦៧%។ ហេតុអ្វី? តាមបែបអេពីដេមីសាស្ត្រ ការសិក្សានេះមិនអាចសន្មត់ដោយជាក់លាក់អំពីហេតុនិងផលនៃទំនាក់ទំនងរវាងការធ្វើម្ហូបនិងជំងឺវង្វេងវង្វាន់បានទេ។ ប៉ុន្តែក្រុមស្រាវជ្រាវជប៉ុនដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ យុកាកូ តានី (Yukako Tani) នៅវិទ្យាស្ថានវិទ្យាសាស្ត្រក្រុងតូក្យូ បានផ្តល់សម្មតិកម្មដូច្នេះថា គុណសម្បត្តិនៃការធ្វើម្ហូបចំពោះជំងឺវង្វេងវង្វាន់ ទំនងដោយសារការបញ្ចេញសកម្មភាព ចលនា ផ្នែករាងកាយ និងខួរក្បាល។ ធ្វើម្ហូបតម្រូវឱ្យប្រើកម្លាំងកាយ និងការគិត។ ដើម្បីធ្វើម្ហូបបានមួយចាន/មុខ គេចាំបាច់ត្រូវធ្វើសកម្មភាពច្រើនយ៉ាង ដូចជា ទៅផ្សារទិញបន្លែត្រីសាច់ រៀបគ្រឿងផ្សំ ត្រូវក្រោកឈរក្រោកអង្គុយ ពេលឆា ពេលស្ល។ រួចនៅពេលសម្លបាយឆ្អិន ត្រូវរៀបចំទុកដាក់ សម្អាត ចង្ក្រានចានឆ្នាំងទៀត។ លោកស្រី យុកាកូ តានី បានរំឭកថា ការសិក្សាស៊ុយអែត កាលពីឆ្នាំ២០២២ ក៏បានលាតត្រដាងឱ្យឃើញដូចគ្នាថាសកម្មភាពកំសាន្ត ឬការងារប្រចាំសប្តាហ៍ ដូចជា ធ្វើសួន សម្អាតផ្ទះ ធ្វើជាង សុទ្ធតែអាចកាត់បន្ថយខួរក្បាលមិនឱ្យទ្រុឌទ្រោមលឿនទៅតាមវ័យ។ ធ្វើម្ហូបជាការបំប៉នគំនិត។ ដើម្បីស្លចេញ គេត្រូវការប្រើបញ្ញា ប្រើខួរក្បាល ត្រូវគិតគ្រោង រកមុខម្ហូប ហើយម្ហូបនោះត្រូវស្លយ៉ាងដូចម្តេចបើតាមក្បួន និងមានលំដាប់លំដោយបែបណា ដាក់អ្វីមុន ដាក់អ្វីក្រោយ ចិតយ៉ាងដូចម្តេច និងមានគ្រឿងផ្សំអ្វីខ្លះ ... ខួរក្បាល បញ្ញាស្មារតី បញ្ចេញសកម្មភាពខ្លាំងនៅពេលធ្វើម្ហូប។ នេះបើតាមការពន្យល់របស់លោកស្រីសាស្ត្រាចារ្យ មកកាន់អ្នកសារព័ត៌មាន ដោយបន្ថែមថា…

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
