# តើទឹកដូងមានគូណប្រយោជន៍សម្រាប់សុខភាពយ៉ាងណា?

An episode of [នាទីសុខភាពនិងអនាម័យ](https://invisiblenetwork.ai/podcast/1494890612), 2 Jul 2026, 8:15.

Audio: https://audio.audiomeans.fr/pfx/b035a7c4-de15-11ef-9e7b-cfc4fb0c91f4/aod-rfi.akamaized.net/rfi/cambodgien/audio/modules/actu/202606/588-_Bienfait_EAU_de_COCO.mp3?guid=920a5164-748c-11f1-94d5-e120850b435e&source=PcNCvtcnHj

ជាភេសជ្ជៈដ៏ល្អ មិនសូវផ្អែម អាចបំបាត់ការស្រេកទឹកបាន នៅពេលមេឃក្តៅខ្លាំងបាន ទឹកដូង មានគុណប្រយោជន៍ចំពោះសម្រាប់សុខភាពយ៉ាងណា? តើគេអាចបរិភោគទឹកដូងជារៀងរាល់ថ្ងៃ បានដែរឬទេ? ដូងក្រអូប ដូងតឿ ដូងភ្លើង ដូងខ្ទិះ ... ដូងមានច្រើនប្រភេទណាស់។ សាច់ ខ្ទិះ ប្រេង របស់ដូង មិនត្រឹមតែមានឱជារសឆ្ងាញ់មាត់ទេ តែថែមទាំងអាចផ្តល់គុណប្រយោជន៍ផ្នែកអាហារូបត្ថម្ភច្រើន និង អត្ថប្រយោជន៍ចំពោះសុខភាព ដូចជាប្រេងដូងអាចជួយស្បែក និងសក់ឱ្យរលើបរលោងដុះល្អ ព្រមទាំងកម្ចាត់សត្វចៃ។ សាច់ដូងត្រូវបានគេយកទៅធ្វើជាធាតុផ្សំសម្រាប់ផលិតថ្នាំដុះធ្មេញដើម្បីជួយឱ្យធ្មេញសល្អ។ សូម្បីតែសម្បក និងលលាដដូង ក៏ត្រូវបានគេយកមកលាយក្នុងផលិតផលសំអាងសម្រាប់ដុះខាត់លាបលើស្បែកឱ្យទន់រលោង។ចំណែកទឹកដូងជាប់ឈ្មោះជាភេសជ្ជៈដ៏ល្អសម្រាប់សុខភាពទៀតផង។ គុណសម្បត្តិនៃទឹកដូងខ្ចីចំពោះសុខភាពមានច្រើន ដោយសារតែសមាសធាតុផ្សំនិងជាតិរ៉ែក្នុងទឹកដូង។ ទឹកដូងនៅពេលខ្ចី មានសមាសធាតុទឹកជាង៩០% និងមិនសូវសម្បូរជាតិវីតាមីន និងអំបិលទេ ប៉ុន្តែមានផ្ទុកសារធាតុរ៉ែជាច្រើនជាពិសេស ម៉ាញេស្យូម និងប៉ូតាស្យូម។ មានជាតិរ៉ែច្រើន មានន័យថាទឹកដូចជាភេសជ្ជៈដ៏ល្អ នៅពេលក្តៅបែកញើសខ្លាំង។ នៅពេលចេញញើស ដោយហេតុអាកាសធាតុក្តៅខ្លាំង ឬដោយការប្រឹងបញ្ចេញកម្លាំងកាយធ្វើកីឡា សរីរាង្គកាយយើងបាត់បង់ជាតិទឹកផង និងជាតិរ៉ែផង។ ដូច្នេះ ទឹកដូងអាចជាដំណោះស្រាយដ៏សំខាន់មួយ ដែលអាចជួយផ្សើមសរីរាង្គកាយផង និងជួយសាច់ដុំឱ្យឆាប់មានកម្លាំងឡើងវិញផង។ វត្តមានដ៏ច្រើននៃជាតិរ៉ែប៉ូតាស្យូម បានធ្វើឱ្យភេសជ្ជៈអាល់កាលីនដូចយ៉ាងទឹកដូងនេះ ទៅជួយឱ្យមានលំនឹងPHរបស់សរីរាង្គ។ សរីរាង្គគ្មានលំនឹងជាតិអាស៊ីតក្នុងខ្លួន ស្បែកនឹងឡើងស្ងួតរោល ឬស្បែកឡើងមុន ឆ្អឹងឆាប់ស្ពោត ពុក មានវិបត្តិដំណេក ឬមានបញ្ហាអាល្លែកហ្ស៊ី ... ទឹកដូង មិនអាចព្យាបាលរោគាដែលរៀបរាប់ខាងលើនេះទេ ប៉ុន្តែទឹកដូងអាចចូលរួមចំណែកជួយការការពារកុំឱ្យមានផលរំខានទាំងអស់នោះបានខ្លះ។ ជាមួយជាតិប៉ូតាស្យូមដ៏ច្រើន ទឹកដូងអាចជួយប្រយុទ្ធប្រឆាំងនឹងការឡើងសម្ពាធឈាម ពោលគឺជួយឱ្យសរសៃឈាមបេះដូងមានដំណើរការល្អ និងជួយចាត់ចែងអត្រាជាតិខ្លាញ់កូឡេស្តេរ៉ូលល្អ និងអាក្រក់ព្រមទាំងទ្រីក្លីសេរីតនៅក្នុងឈាមបានទៀត។ ល្បីខ្លាំងខាងផ្តល់ជាតិទឹក ទឹកដូងក៏មានលាក់សារធាតុចិញ្ចឹមដែលមិនគួរមើលរំលងទេ។ បើតាមការសិក្សាកាលពីឆ្នាំ២០០៦ អ្នកស្រាវជ្រាវសង្កេតឃើញថាទឹកដូងពូជខ្លះសម្បូរជីវជាតិអាហារូបត្ថម្ភ និងសមាសធាតុជីវៈសកម្ម ជាភ្នាក់ងារអង់ទីអុកស៊ីដង់ដ៏មានសមត្ថភាពខាងកម្ចាត់ក្រុមកោសិកាសេរី ដែលជាដើមហេតុនាំមានស្ត្រេស និងធ្វើឱ្យកោសិកាឆាប់ចាស់មុនវ័យ។ ពោលគឺទឹកដូង បានពាំនាំមកនូវជាតិសើមផង និងសារធាតុមីក្រូអាហារូបត្ថម្ភមានសមត្ថភាពបង្ការឱ្យមានសុខភាពល្អជាទូទៅ។ ទឹកដូងក៏សម្បូរទៅដោយជាតិអាស៊ីតខ្លាញ់ម្យ៉ាងដែលអាចជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរី វីរ៉ុស និងពពួកផ្សិត។ ដូច្នេះការបរិភោគទឹកដូងចូលទៅក្នុងខ្លួនក្នុងបរិមាណដ៏ត្រឹមត្រូវនិងសមរម្យ នឹងជួយរក្សាប្រព័ន្ធការពារខ្លួនឱ្យមានកម្លាំងនិងមានសមត្ថភាពរឹងមាំ។ ហើយបូកផ្សំនឹងជាតិទឹកដល់ទៅជិត៩៦% ទទួលទានទឹកដូងជាការបង្កើនបរិមាណទឹកនោម បង្កើនសកម្មភាពបញ្ចេញចោល ដែលអាចជួយកម្ចាត់ពពួកមេរោគបានក្នុងករណីមានការបង្ករោគ រលាកផ្លូវនោម។ មានន័យថាទឹកដូងអាចជួយតម្រងនោមឬ? ជួយចម្រោះ ជួយកំរិតហានិភ័យនាំឱ្យមានគ្រួសក្នុងតម្រងនោម ទឹកដូងគួរតែអាចជួយទ្រទ្រង់ដំណើរការរបស់តម្រងនោម ប៉ុន្តែរហូតមកទល់ពេលនេះ គ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយអាចបំភ្លឺឱ្យឃើញអំពីគុណសម្បត្តិនៃទឹកដូងចំពោះតម្រងនោមទេ។ សមត្ថភាពផ្នែកចម្រោះជាតិទឹក បានធ្វើឱ្យទឹកដូងជាប់ឈ្មោះជាភេសជ្ជៈជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាទល់ជាតិទឹកក្នុងខ្លួន។ ប៉ុន្តែទន្ទឹមនឹងគុណប្រយោជន៍ដ៏ច្រើន ទឹកដូងក៏អាចជាគ្រោះថ្នាក់ និងបង្កផលវិបាកបន្ទាប់បន្សំដល់សុខភាពដែរ។ មិនសូវផ្អែម ជួនសាបខ្លាំង មានផ្ទុកជាតិស្ករតិច កាឡូរីទាប និងគ្មានជាតិខ្លាញ់ទេ ទឹកដូង អាចជាជម្រើសល្អ អាចជាភេសជ្ជៈដ៏ប្រពៃសម្រាប់ជំនួសភេសជ្ជៈផ្អែម ដូចយ៉ាងទឹកផ្លែឈើ ទឹកក្រូច ទឹកសូដា ដែលទាក់ទាញបំផុតនៅពេលយើងស្រេកទឹកខ្លាំង ឬនៅពេលមេឃក្តៅខ្លាំង និងសម្រាប់អ្នកចង់ប្តូរផ្លាស់ទម្លាប់ម្តងម្កាល ដើម្បីភាពរីករាយ។ ប៉ុន្តែទោះមានការអួតអាងអំពីគុណសម្បត្តិដ៏ច្រើនរបស់ទឹកដូងយ៉ាងណាក៏ដោយ ក៏ភេសជ្ជៈដ៏ល្អបំផុតសម្រាប់សុខភាព ដែលមិនគ្មានអ្វីអាចប្រៀបបាន គឺ ទឹកសាបធម្មតា។ ទឹកដូងអាចល្អជួយផ្តល់ជាតិសើម ជួយបំបាត់ការស្រេកទឹក តែមិនអាចជំនួសទឹក និងរបបអាហារដ៏ត្រឹមត្រូវឡើយ ។ អាចទទួលទានបានរាល់ថ្ងៃ ដោយគ្មានគ្រោះថ្នាក់សម្រាប់អ្នកមានសុខភាពល្អ គ្មានជំងឺប្រចាំកាយ គ្មានជំងឺរ៉ាំរ៉ៃជាប់ខ្លួន ឬគ្មានបញ្ហាសុខភាព តែគេមិនត្រូវប្រមាថបរិភោគក្នុងបរិមាណដ៏ច្រើនជ្រុលហួសហេតុឡើយ។ ត្រឹមដូងមួយ ឬមួយកែវក្នុងមួយថ្ងៃ (៣០០-៥០០ម.ល.) អាចចាត់ទុកថាសមរម្យ ព្រោះទឹកដូងមានបង្កប់សមត្ថភាពបញ្ចុះលាមក។ អ្នកមានបញ្ហាទល់លាមកអាចទាញប្រយោជន៍ពីទឹកដូងបាន ប៉ុន្តែប្រសិនបើពិសាច្រើនជ្រុល នោះវានឹងនាំមកនូវវិបត្តិ និងការរាគរូសតែម្តង។ អ្នកមានបញ្ហាខ្សោយពោះវៀន…

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
