# សំឡេងតម្លង់ជះផលវិបាកដល់សុខភាពដំណេកយ៉ាងណា?

An episode of [នាទីសុខភាពនិងអនាម័យ](https://invisiblenetwork.ai/podcast/1494890612), 3 Jun 2026, 7:56.

Audio: https://audio.audiomeans.fr/pfx/b035a7c4-de15-11ef-9e7b-cfc4fb0c91f4/aod-rfi.akamaized.net/rfi/cambodgien/audio/modules/actu/202605/586-_BRUIT_ET_SOMMEIL_mixe.mp3?guid=5433d488-582f-11f1-8f8e-53ce24d8e604&source=PcNCvtcnHj

សំឡេងអាចជះឥទ្ធិពលអវិជ្ជមានច្រើនយ៉ាងដល់សុខភាពសរីរាង្គកាយ។ សំឡេងអាចនាំឱ្យមានវិបត្តិដំណេក និង អាចធ្វើឱ្យត្រចៀកថ្លង់បាន។ ខុសពីសរីរាង្គចក្ខុ ត្រចៀកមិនចេះសម្រាកទាល់តែសោះ។ គេមិនអាចបិទត្រចៀកឱ្យជិតឈឹងលែងឮអ្វី ដូចបិទភ្នែកលែងមើលឃើញអ្វីទាំងអស់ឡើយ។ នៅពេលយប់ ពេលសំរាន្តលក់ ត្រចៀកនៅតែបន្តឮសំឡេងដដែល គ្រាន់តែពេលខ្លះសំឡេងនោះមិនរំខានដល់ភ្ញាក់ តែប៉ុណ្ណោះ។ ប៉ុន្តែ ដោយជាក់ស្តែងទៅនោះ ត្រចៀកនៅតែទទួលឮសំឡេង ដែលអាចប៉ះពាល់ និងគំរាមកំហែងច្រើនណាស់ដល់សុខភាព ផ្លូវកាយផង ផ្លូវអារម្មណ៍ផង និងអាចបង្កឱ្យមានវិបត្តិដំណេកទៀត។ សំឡេងនិងដំណេក សំឡេងថ្លង់រំខាន ជាប្រភពនាំឱ្យមានវិបត្តិដំណេក ដែលមនុស្សភាគច្រើន មើលរំលង។ សំឡេងឆ្កែព្រុះ មាន់រងាវ សំឡេង ស៊ីផ្លេ ឡាន ម៉ូតូ សំឡេងម៉ាស៊ីនរោទិ៍ ខារ៉ាអូខេ សំឡេងភ្លេង សំឡេងក្តូងក្តាំង សំឡេងមនុស្សឡូឡាជជែកគ្នា ... សំឡេងទាំងអស់នេះ បានបង្អាក់ និងរំខានចង្វាក់ដំណេកខ្លាំងណាស់ បើទោះបីជាអ្នកធ្លាប់លែងភ្ញាក់ក៏ដោយ ក៏ដំណេករបស់អ្នកគ្មានគុណភាពដែរ។ នៅពេលភ្ញាក់ឡើង អ្នកច្បាស់ជាមានអារម្មណ៍អស់កម្លាំង សំរាន្តមិនបានគ្រប់គ្រាន់ មិនឆ្អែត ជាប្រាកដ។ ដោយមូលហេតុសំឡេងនេះ ទើបអ្នកធ្វើការយប់សម្រាកថ្ងៃច្រើនតែមានវិបត្តិដំណេក និងបញ្ហាសុខភាពធ្ងន់ធ្ងរជាងមនុស្សធម្មតា។ ពាក្យថាវិបត្តិដំណេក គឺអាចជាអាការៈ ៖ - ពិបាកឬក្រដេកលក់ - ភ្ញាក់កណ្តាលយប់ញយ និង ភ្ញាក់យូរទម្រាំលក់ទៅវិញ - រយៈពេលសរុបនៃម៉ោងដំណេកខ្លីជាងធម្មតា - វដ្តដំណេកប្រែប្រួល ដំណាក់កាលលង់លក់និងដំណាក់កាលលក់ស្កប់ស្កល់យល់សុបិន្តខ្លី តាមដំណើរធម្មជាតិ ចង្វាក់ដំណេករបស់មនុស្សប្រៀបដូចជារលកឡើងចុះៗ និងវិលទៅវិលមក ចំនួន៤ទៅ៥វគ្គ ដែលក្នុងមួយវដ្តៗ មានរយៈពេលប្រមាណ៩០នាទី ហើយចែកចេញជាបីដំណាក់កាលធំៗទៀត គឺដំណាក់កាល លក់រលីវៗ ដំណាក់កាលលង់លក់ និងការលក់ស្កប់ស្កល់យល់សប្តិយល់សូង។ នៅពេលគ្មានសំឡេងអ្វីមករំខាន មនុស្សនឹងលង់លក់ស្កប់ស្កល់យល់សប្តិ នៅ២៦នាទីជាមធ្យម ក្រោយចូលសំរាន្ត។ ផ្ទុយទៅវិញ បើមានសំឡេង ឆ្កែព្រុះ សំឡេងឡាន សំឡេងមនុស្សឡូឡា មករំខាន នោះគេត្រូវការប្រើពេលដល់ទៅ ៣៣នាទីទៅ៥៣នាទីជាមធ្យម ទើបអាចលក់ដល់ដំណាក់កាលស្កប់ស្កល់បាន។ សំឡេង ត្រឹមកំរិត៣៥ទៅ៤០ដេស៊ីបែល តែបីនាទីយ៉ាងច្រើន ឬខ្លីជាងនេះផង នៅដំណាក់កាលលក់រលីវៗ អាចដាស់អ្នកកំពុងដេកឱ្យភ្ញាក់វិញបាន។ បើលក់ចូលដល់ដំណាក់កាលលង់ខ្លាំងនិងស្កប់ស្កល់ អាំងតង់ស៊ីសំឡេងពី៥០ទៅ ៨០ដេស៊ីបែល ទើបអាចធ្វើឱ្យភ្ញាក់បាន។ សំឡេងមានច្រើនប្រភេទនិងកំរិត។ បើជាសំឡេងបែបស្រទន់ មានទំនុក រងំ ថេរមិនឡើងចុះ អាចជួយបង្កើនគុណភាពដំណេក។ ផ្ទុយទៅវិញជាសំឡេងឆូងឆាង មួយឆាបលេចឡើងនៅដំណាក់កាលកំពុងលង់លក់ខ្លាំង ជាការកាត់ដំណេកដាល់មនុស្សឱ្យភ្ញាក់ក្រងាងសើងមម៉ើង នោះអាក្រក់ខ្លាំងណាស់សម្រាប់សុខភាពខួរក្បាល។ សំឡេងកើតឡើងនៅពេលទើបនឹងលក់ នៅពេលជិតភ្ញាក់ ត្រូវបានគេចាត់ទុកជាការរំខានខ្លាំងអាក្រក់បំផុតនៃដំណេក។ សំឡេងនិងផលវិបាកចំពោះសុខភាព ការរំខាននៃសំឡេងចំពោះដំណេក អាចជះផលវិបាកភ្លាមៗ ដល់ជីវិតរស់នៅប្រចាំ និងដល់សុខភាពនៅថ្ងៃអនាគត។ ផលវិបាកភ្លាមៗ មានដូចជា ងងោកងងុយនៅពេលធ្វើការ នៅសាលា ឬនៅពេលបើកបរ។ មានអារម្មណ៍អស់កម្លាំង ហត់ល្វើយ។ ពិបាកផ្ចង់អារម្មណ៍ធ្វើការ រៀនសូត្រ។ មានបញ្ហាក្នុងការសិក្សា និងការចងចាំង។ មានអារម្មណ៍មួរហ្មង និងមាននិន្នាការឆាប់ខឹង ឬឆេវឆាវ។ ថ្វីបើការប្រឈមនឹងសំឡេងរំខាននៅពេលយប់ យូរៗទៅ អាចធ្វើឱ្យត្រចៀកទម្លាប់បានមែន ប៉ុន្តែគេត្រូវការប្រើពេលយូរថ្ងៃ និងអាចច្រើនសប្តាហ៍ផង ទម្រាំទម្លាប់នឹងសំឡេង ហើយធ្វើឱ្យគុណភាពដំណេកអាចប្រសើរឡើងបាន។ ជាងនេះទៅទៀត ការសិក្សាបានបង្ហាញឱ្យឃើញថា បើទោះបីជាយើងអាចទម្លាប់នឹងសំឡេងរំខានបាន ហើយអាចគេងលក់បានយ៉ាងស្កប់ស្កល់ល្អក៏ដោយ ក៏សំឡេងអាចនិងបន្តរំខានដំណើរការរបស់សរីរាង្គជីវសាស្ត្ររបស់អ្នកដេកដដែល។ ដូច្នេះ បើត្រូវប្រឈមនឹងសំឡេងយូរៗខែយូរឆ្នាំទៅ ផលវិបាកអាចនឹងធ្ងន់ធ្ងរខ្លាំង ទៅថ្ងៃក្រោយ ដូចជាអាចមានជំងឺហត់អស់កម្លាំងល្ហិតល្ហៃខ្លាំងជាប្រចាំ។ ងងុយខ្លាំងនៅពេលថ្ងៃ។ សមត្ថភាពការងារធ្លាក់ចុះ។ បាត់បង់ឆន្ទៈក្នុងការងារ។ ក្លាយជាមនុស្សកាចខឹងគេខឹងឯង។ ដើម្បីបញ្ចៀសវិបត្តិនេះ ត្រូវបង្កើតលលក្ខខណ្ឌល្អសម្រាប់ដំណេក ដោយត្រូវធ្វើយ៉ាងណាឱ្យបន្ទប់គេង គ្មានសំឡេងលើសពី៣០ដេស៊ីបែល មិនឮសំឡេងរំខាន មួយឆាប លើសពី៤៥ដេស៊ីបែល។ សូមចងចាំថា សំឡេងចាប់ពី៥៥ដេស៊ីបែលឡើងទៅ អាចបង្កើនសម្ពាធឈាមឱ្យឡើងខ្ពស់បាន។ ក្រុមមនុស្សខ្លះ មិនអាចទ្រាំនឹងសំឡេងបានទេ ត្រឹមតែ៣០ដេស៊ីបែលក៏អាចរំខានដល់សុខភាពពួកគេបានហើយ។ ដាក់ឆ្នុកបិទត្រចៀក អាចកាត់បន្ថយការឮសូរសំឡេងរំខានបាន ប៉ុន្តែវាគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នតែប៉ុណ្ណោះ។ ជួសជុលផ្ទះ ជាពិសេសបន្ទប់គេង ដោយដាក់ជញ្ជាំងកាត់សំឡេង ជាមធ្យោបាយយូរអង្វែងជាងគេ ប្រឆាំងនឹងការរំខាននៃសំឡេងចំពោះដំណេក។ ក្រៅពីបង្កឱ្យមានវិបត្តិដំណេក បើតាមគេហទំព័ររបស់ទីភ្នាក់ងារធានារ៉ាប់រងសុខភាពសាធារណៈក្រុងប៉ារីស ប្រឈមនឹងសំឡេងខ្លាំងៗយូរខែ យូរថ្ងៃ អាចនឹងធ្វើឱ្យត្រចៀកកើតរោគថ្លង់បាន។ សំឡេងជាហានិភ័យនាំឱ្យមានអាការៈថ្លង់…

Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them.
